ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលត្រូវបានគណៈកម្មការថ្នាក់ជាតិប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះគឺមានទណ្ឌិតចំនួន ៣៩៨ នាក់ (ស្រី ៣៨ នាក់) ដែលបានបញ្ជូនមកពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន ៤។
គួរជម្រាបថា នៅកម្ពុជាតែងតែមានការលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតជាប់ពន្ធនាគារ ចំនួន៥ដងក្នុងមួយឆ្នាំ គឺទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំខ្មែរ, បុណ្យវិសាខបូជា, បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ នេះបើតាមព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
ព្រះរាជក្រឹត្យ បានបញ្ជាក់ថា ការបន្ធូរបន្ថយ និងការលើកលែងទោសនេះ គឺផ្ដល់ចំពោះទណ្ឌិតដែលមានវ័យចាស់ជរា ជាស្ត្រីមានផ្ទៃពោះ ឬមានជំងឺរ៉ាំរ៉ៃ ជនពិការភាព ដែលលិខិតបញ្ជាក់ពីគ្រូពេទ្យប៉ុណ្ណោះ។ ចំពោះការបន្ធូរបន្ថយទោសនេះ លុះត្រាតែទណ្ឌិតនោះ បានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុប ដែលតុលាការបានកំណត់ហើយសម្រាប់ទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន។
គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា៖ ចំពោះបទល្មើសទូទៅ (ឧក្រិដ្ឋជនគ្រឿងញៀន, អំពើសាហាវយង់ឃ្នង, ករណីមិនរាងចាល, ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ, ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ, ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ) និង ចំពោះបទល្មើសរំលោភផ្លូវភេទ (ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ, ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ, ជនរងគ្រោះជាសាច់សាលោហិត, ករណីរំលោភបូក, ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕
អត្ថបទ៖ អក្ខរា