អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដើម្បីផ្សព្វផ្សាយពីវិធានការនិងការងារចម្បងនានា ដែលមានចែងក្នុងយុទ្ធសាស្ត្រ កែទម្រង់និងទំនើបកម្មគយ និងផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងស្របតាមវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល។
វេទិកាបានផ្សព្វផ្សាយនូវវិធានការនិងការងារចម្បង ដែល អគរ ត្រូវអនុវត្តចំនួន ១២ រួមមាន៖ (១)ការកែសម្រួលថ្លៃសេវាសាធារណៈ, (២)ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ផ្ទុកក្នុងកុងតឺន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន, (៣)ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញសាច់បង្កក ស៊ុត និងត្រី, (៤)ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា តាមមធ្យោបាយអេឡិចត្រូនិក (e-Arrival Card), (៥)ការធ្វើស្វ័យប្រវត្តិកម្មពេញលេញលើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយនិងសំអាងដើមកំណើតទំនិញ និងការធ្វើសន្ធានកម្មរវាងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA), (៦)នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, (៧)នីតិវិធីលម្អិត និងភារកិច្ចទទួលខុសត្រូវនូវកិច្ចដំណើរការការរាយការណ៍អំពីទំនិញ និងកិច្ចដំណើរការប្រតិវេទន៍គយតាមមធ្យោបាយអេឡិចត្រូនិក, (៨)នីតិវិធីកញ្ចប់បញ្ញើរហ័ស កញ្ចប់ប្រៃសណីយ៍ និងទំនិញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, (៩)ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, (១០)ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO) និងការកែលម្អប្រព្រឹត្តកម្មលើកទឹកចិត្តសម្រាប់ ធុរជនល្អបំផុត (Best Traders), (១១)ការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូ, និង (១២)ការកែសម្រួលអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់។
អគរ សង្ឃឹមយ៉ាងមុតមាំថា សមាគមធុរកិច្ច ធុរជន ជើងសាគយ និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត អាចជ្រាបពីវិធានការថ្មីទាំងនេះ ព្រមទាំងត្រៀមខ្លួនទុកជាមុនក្នុងការចូលរួមអនុវត្តវិធានការនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរកិច្ចក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងទាញយកផលប្រយោជន៍ជាអតិបរមាពីវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ សម្រាប់ការបំពេញធុរកិច្ចរបស់ខ្លួន៕
អត្ថបទ៖ អក្ខរា