បុករត់ ត្រូវផ្តន្ទាទោសដូចម្តេច?

មួយរយៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេស ករណីជនបង្កបើកបររថយន្តបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ហើយព្យាយាមរត់គេច ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។

តើការផ្តន្ទាទោសទៅលើករណីនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍​ទៅលើជនបង្កត្រូវអនុវត្តបែបណាដោយយោងទៅ​តាម​ស្ថានភាពជាក់ស្តែងនៃបទល្មើស? ដើម្បីបកស្រាយនូវចម្ងល់នេះ KarPit News សូមលើកយកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៨៥។

មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែល​បទ​ប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ ៣(បី)​ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន)រៀលទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន)រៀល និងអាចត្រូវ​ផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុង មាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ ពី១០ ០០០ ០០០​(ដប់លាន)រៀលទៅ២៥ ០០០ ០០០(ម្ភៃប្រាំលាន)រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុង ករណីណាមួយ ដូចក្រោម៖
ក- បើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។
ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រ​ខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត ឈាមឡើងទៅ។
គ- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។
ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

ក្នុងមាត្រាដដែលនេះ បានបន្តថា ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស៖
១.​ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុង ការប្រកបវិជ្ជាជីវធម្មនៅក្នុងឱកាស​នៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងច្រើន។
២- ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់ រយៈពេល៥ (ប្រាំ)ឆ្នាំយ៉ាងច្រើន។
៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងច្រើន។
៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល២(ពីរ)ខែយ៉ាងច្រើន។
៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។
៦- ការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល៨ (ប្រាំបី)​ថ្ងៃយ៉ាងច្រើន៕

អត្ថបទ៖ អក្ខរា