សម្តេចតេជោ ហ៊ុន សែន៖ ចៅ «ផានិត» ពិតជាក្មេងប្រកបដោយគុណធម៌និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA

សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឆ្លៀតឱកាសជួបក្រុមគ្រួសារយុវជន អន ផានិត នៅភូមិគ្រឹះក្រុងតាខ្មៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣

ក្នុងបណ្តាញសង្គមតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA»។

សម្តេចតេជោ មានប្រសាសន៍បន្តថា ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្មពីផានិតដែលរៀននៅភ្នំពេញ។

សូម​បញ្ជាក់ថា​ បន្ទាប់ពី​ប្រលងជាប់​និទ្ទេស ​A ​យុវសិស្ស ​អន ផានិត ​ដែលនៅ​ក្នុង​គ្រួសារ​មានជីវភាព​ក្រីក្រ​បំផុត​នោះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្តាញ​សង្គម​នានា ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាធ​ពីការ​តស៊ូរៀនសូត្រ​របស់​យុវសិស្ស​រូបនេះ ​ដោយ​បង្ហាញពី​ការ​ខ្វះខាត​សព្វបែបយ៉ាង​។

បន្ទាប់ពីឃើញក្នុងបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន ​អតីត​នាយករដ្ឋមន្ត្រី ​នៅថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា​កន្លងទៅបានប្រកាស​យកសិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស ​A ​អន ផានិត ​ពី​ខេត្ត​កំពត​មកភ្នំពេញ ​ដើម្បី​ផ្គត់ផ្គង់​ឲ្យរៀនបន្ត​នៅ​ឧត្តមសិក្សា​។ ​តាមរយៈសាជាសំឡេត សម្តេចតេជោ​បាន​ចាត់ចែង​ឲ្យ​យុវជន អន ផានិត ដែលមាន​ឪពុក ម្តាយ ​ជាជន​ពិការ​មកឲ្យស្នាក់នៅ​ជាមួយ​​ទីតាំង​​អង្គរក្ស ​ផ្គត់ផ្គង់​ការរៀនសូត្រ​បន្ត ​ផ្គត់ផ្គង់​មធ្យោបាយ​ធ្វើដំណើរ​ ជួយ​ផ្គត់ផ្គង់​គ្រួសារ​ និង​ជួយ​បង់សង​ប្រាក់ជំពាក់​ធនាគារ​ដល់​ផងដែរ​៕