សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាល់ពេលសម្តេចចេញទៅក្រៅប្រទេស សម្តេចណែនាំដល់រដ្ឋមន្រ្តីអង្គុយទាំងអស់ដែលទៅអមសម្តេចនោះ កុំតែគ្រាន់ទៅអង្គុយអម តែត្រូវជួបជាមួយដៃគូតាមប្រទេសនីមួយៗ ដូចជាវិស័យឯកជន ក្រុមហ៊ុន អ្នកវិនិយោគ និងរដ្ឋមន្ត្រីតាមប្រទេសទាំងនោះឲ្យបានច្រើន។ សម្តេចធិបតីបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ២០២៣នេះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ “ក្រៅពីអមខ្ញុំ គឺជួបជាមួយក្រុមហ៊ុន ឬដៃគូ ជួបផ្ទាល់ជាមួយវិស័យឯកជន ជួបផ្ទាល់ជាមួយរដ្ឋមន្រ្តីដៃគូនីមួយៗ ហើយខ្ញុំបានណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ដែលទៅអមខ្ញុំ គឺកុំទៅអង្គុយអមខ្ញុំ ត្រូវឆ្លៀតឱកាសហ្នឹង ធ្វើការផ្ទាល់ជួបផ្ទាល់ទៅ មុននឹងទៅគឺត្រៀមលក្ខណៈដើម្បីធ្វើ ហ្នឹងហើយបុរេសកម្ម”។
បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលត្រូវតែធ្វើ និងធ្វើឱ្យបានច្រើន មិនខុសពីការធ្វើទីផ្សារទេ ដោយមិនធានាថា យើងជួបគេ១០០ គេមកវិនិយោគទាំង១០០ទេ ប៉ុន្តែបើមិនជួបដឹងតែអត់ហើយ ប៉ុន្តែបើជួបបានតែ ១០ភាគរយក៏បានដែរ៕
អត្ថបទ៖ អក្ខរា