សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងកោតសរសើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលនិយាយលឿន ធ្វើក៏លឿន។ សម្តេចមានប្រសាសន៍ថា ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ គឺលោកជំទាវ ចម និម្មល និយាយលឿនជាងគេ ញាប់ដូចចាក់ឌីស ប៉ុន្តែមិនតែល្បឿនក្នុងការនិយាយនោះទេ ល្បឿននៃការងារក៏មានប្រសិទ្ធភាព ដូចជាការចរចាជាមួយឥណ្ឌូនេស៊ីទិញអង្ករពីកម្ពុជាជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
លោកជំទាវ ចម និម្មល បានឡើងតួនាទីពីរដ្ឋលេខាធិការ ទៅជារដ្ឋមន្ដ្រីដឹកនាំក្រសួងពាណិជ្ជកម្ម ជំនួសឯកឧត្តម ប៉ាន សូរស័ក្ដិ ដែលធ្វើឲ្យលោកជំទាវ ក្លាយជារដ្ឋមន្ដ្រីស្ត្រីមួយរូបក្នុងចំណោមស្ដ្រី ៣រូប ដែលដឹកនាំស្ថាប័នក្រសួងនៅអាណត្តិទី៧នេះ។ លោកជំទាវ ចម និម្មល គឺជាកូនស្រីឯកឧត្តម ចម ប្រសិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បានបម្រើការក្នុងក្រសួងពាណិជ្ជកម្មរយៈពេលជាង ២០ឆ្នាំមកហើយ។
ក្នុងបទពិសោធន៍ការងារដ៏ក្រាស់ក្រែលក្នុងស្ថាប័នរដ្ឋមួយនេះ លោកជំទាវក៏ត្រូវបានគេដឹងថា បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ជាពិសេសជាមួយយុវជន និងកិច្ចការមនុស្សធម៌។ លោកជំទាវ បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម ពីសហរដ្ឋអាមេរិក។ ក្នុងវ័យ ៤៣ឆ្នាំ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាស្ត្រីរូបនេះ ជាតំណាងរាស្ដ្រវ័យក្មេងជាងគេងរបស់គណបក្សប្រជាជនកម្ពុជា។ លោកជំទាវបានបង្ហាញឱ្យឃើញពីថាមពលរបស់ស្ត្រីក្នុងការចូលរួមចំណែកដឹកនាំប្រទេស តាមរយៈតួនាទីថ្មីនេះដែលផ្តល់ការទុកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាល៕
អត្ថបទ៖ អក្ខរា