ប្រជាពលរដ្ឋកំពុងតាមដានមើលចំណាត់ការលោក ឈឿន ប៊ុនឆន ប្តេជ្ញាចិត្តតេស្តរកសារធាតុញៀនមន្រ្តីនគរបាលក្រោមឪវាទខេត្តព្រៃវែង

លិខិតប្រកាសព័ត៌មានពីស្នងការខេត្តព្រៃវែង ពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា មន្រ្ដី​នគរបាល​ខេត្ត​ព្រៃវែង​ ១១​ នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ ហើយត្រូវបញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

លិខិតរបស់ស្នងការខេត្តព្រៃវែងបញ្ជាក់ករណីរកឃើញមន្រ្តីនគរបាលចំនួន១១នាក់ហើយមិនបណ្តេញចេញពីក្របខណ្ឌដូចការអះអាងរបស់លោក ឈឿន ប៊ុនឆន នោះត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ទង្វើ​នេះ​ហាក់​ដូច​ជាផ្ទុយទៅ​នឹង​គោលការណ៍​របស់​ប្រមុខរាជ​រដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​។

ស្នងការ​ខេត្ត​ព្រៃវែង​ លោក ឈឿន ប៊ុនឆន ធ្លាប់បានអះអាងនិងជា​អ្នក​ស្នេីសុំ​ធ្វើ​តេស្ត​មន្ត្រី​ក្រោមឱវាទ​ បេីរកឃេីញ​ថាមាន​សារធាតុ​ញៀន​ នឹង​ស្នេីសុំ​គោលការណ៍​ថ្នាក់​ដឹកនាំ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​តែម្ដង​។  ផ្ទុយទៅវិញ​ នៅ​ពី​ក្រោយ​អ្វីដែល​លោកស្នងការ​ធ្វើ​គឺ​មិនដូច​និយាយ​ ព្រោះពេល​តេស្ត​មន្ត្រី​ឃេីញ​សារធាតុ​ញៀន​បែជា​សុំគោលការណ៍​បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​ទៅវិញ​។  

នៅថ្ងៃទី២២ខែធ្នូនេះ លោកស្នងការខេត្តព្រៃវែងរូបនេះបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ស្ងាត់យូរហើយ ‼️ នគរបាលខេត្តព្រៃវែងរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២ នាក់ មិនមែន ១១ នាក់នោះទេ! អ្នកទាំង១២នាក់នោះគឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត។

លោកថា បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់!! ពួកយើងខ្ញុំបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ ។ ប្រជាជន និងនគរបាលគឺស្មើភាព។

សូមជម្រាបថា ថ្មីៗនេះ ប្រមុខរាជដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសចេញបទបញ្ជាឲ្យធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងករណីរកឃើញមានសារធាតុញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ ហើយចំពោះអ្នកជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនត្រូវដើរចេញឲ្យឆ្ងាយ៕