សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន។ សម្តេចគូសបញ្ជាក់ថា នេះជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា