រដ្ឋមន្ត្រីកសិកម្ម៖ កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គៀងគរពលរដ្ឋចូលរួម និងផលិតទ្រង់ទ្រាយធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវគៀងគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន៦៥០នាក់ សរុបចំនួន ១.៦០០នាក់ ដើម្បីជួយដល់កសិករទូទាំងប្រទេស។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដល់អង្គសន្និបាត គឺចាំបាច់ត្រូវរក្សានិងការពារសន្តិភាព ទប់ស្កាត់បញ្ហាអសកម្ម និងការផ្សព្វផ្សាយព័ត៌មានមិនពិត ការធ្វើបដិវត្តន៍ពណ៌ និងការធ្វើឱ្យមនុស្សស្អប់គ្នា ដែលជាកត្តារារាំងនៃការអភិវឌ្ឍ។ ទន្ទឹមនឹងនោះដែរ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យបាននិងមានប្រសិទ្ធភាពបំផុត ផ្តើមចេញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយត្រូវពិនិត្យលទ្ធភាពឱ្យមានរបបប្រជុំទៀងទាត់ ដោយគិតប្រយោជន៍ជាតិជាធំ ត្រូវមានការសន្ទនា យកបញ្ហាដាក់លើតុ និងចូលរួមពិភាក្សា ដោះស្រាយជាមួយគ្នាអនុលោមតាមច្បាប់ គោលនយោបាយ និងមានភាពប្រាកដនិយម។

សូមជម្រាបជូនថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តក្នុងប៉ូលសេដ្ឋកិច្ចទី៤ ដែលមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋប្រមាណ ៦៥% ប្រកបរបរកសិកម្ម និង៣៥%ទៀតជាអាជីវករ ពាណិជ្ជករ៕