កម្លាំងសមត្ថកិច្ចចុះរុះរើ និងវាយរបងថ្មដែលសង់រំលោភលើប្រឡាយបឹងត្របែក

សាលាខណ្ឌចំការមន បានចុះធ្វេីវិធានការរដ្ឋបាលដាក់គ្រឿងចក្រចុះរុះរើ និងវាយរបងថ្ម រឹងមាំ ដែលសង់រំលោភលើប្រឡាយបឹងត្របែក (បឹងធំ) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។  លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានឱ្យដឹងថា កន្លងទៅសាលាខណ្ឌចំការមន បានជូនដំណឹងឲ្យម្ចាស់សំណង់ ធ្វើការរុះរើរបងថ្ម ដោយស្ម័គ្រចិត្ត ប៉ុន្តែលោកស្រី សាយ សុផា ដែលជាម្ចាស់សំណង់មិនព្រម នៅរឹងរូសមិនអនុវត្តតាមការជូនដំណឹង ទើបនៅថ្ងៃនេះក្រោយទទួលបានការឯកភាពពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ទេីបលោកដឹកនាំកម្លាំង និងគ្រឿងចក្រចុះធ្វេីវិធានការរដ្ឋបាលធ្វើការវាយរបងថ្មនេះតែម្តង។  

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ខណៈកម្លាំងកំពុងបញ្ជាគ្រឿងចក្រ វាយរបងថ្មរំលោភផ្ទៃបឹងនោះ លោកស្រីម្ចាស់សំណង់ បានចេញមុខប្រកែក និងតវ៉ាផងដែរ តែដោយមានការពន្យល់បកស្រាយពីសំណាក់អាជ្ញាធរ  ចុងក្រោយទេីបម្ចាស់សំណង់រំលោភចំណីបឹងនេះ យល់ព្រមតាមអាជ្ញាធរក្នុងការរុះរើ វាយរបងថ្មនោះ។  

សូមបញ្ជាក់ថា យោងលិខិតរបស់រដ្ឋបាលខណ្ឌចំការមន បានចេញលិខិតឲ្យ លោកស្រី សាយ សុផា ដែលសាងសង់របងថ្មរឹងមាំ ក្នុងផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) រុះរើចេញជាច្រើនលើកមកហើយ។   ផ្អែកតាមការចុះពិនិត្យរបស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរបាយការណ៍របស់រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ឃើញថា លោកស្រី បាននិងកំពុងសាងសង់របងអំពីឥដ្ឋចូលក្នុងបរិវេណផ្ទៃបឹងធម្មជាតិបឹងត្របែក (បឹងធំ) ស្ថិតនៅផ្ទះលេខ៥០៦ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាអាងស្តុកទឹកសម្រាប់រំដោះទឹកនៅរដូវវស្សា និងជាតំបន់ដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់៕