ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ វីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់ ពិនិត្យរៀបចំឥណទានឡើងវិញដើម្បីធ្វើយ៉ាងណាងជួយដល់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនោះ មិនថាធនាគារវីង ឬធនាគារណានោះទេ គប្បីធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំងអស់ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានទៅសហគ្រាសធុនតូច និងធម្យមផងដែរ ដើម្បីធ្វើយ៉ាងណាជួយសម្រាលស្ថានភាពរបស់សហគ្រាសទាំងនោះឲ្យកាន់តែប្រសើរ និងដើម្បីជួយជំរុញដល់ចរន្តសេដ្ឋកិច្ចនៅកម្ពុជាកាន់តែល្អជាងមុនផងដែរ៕