ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ននាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ម្នាក់ ក្រោយបែកធ្លាយរឿងទារប្រាក់ចំនួន២០០ដុល្លារពីជនរងគ្រោះជាថ្នូរនឹងការតាមចាប់ជនល្មើស។
លិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានសម្រេចផ្អាកការងារបណ្ដោះអាសន្នលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្ដលេខ៦៣៥៥៤ នារងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយមូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ ប ប ជ។
ការផ្អាកការងារនាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ នេះបានធ្វើឡើងបន្ទាប់ពីមានគេហទំព័រសារព័ត៌មានមួយបានចុះផ្សាយមានខ្លឹមសារថា «អះអាងថាខ្លួនជាប៉ូលីស និងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ។
ក្រោយពីធ្វើការស្រាវជាវពាក់ព័ន្ធនឹងការចុះផ្សាយនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវជាលទ្ធផល ឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណនីABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការនគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ៕