ចាប់ពីដើមឆ្នាំ២០២៤តទៅ ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅស្ថានទូតខ្មែរបានហើយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម ក្នុងការសម្របសម្រួលដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលករដែល​ធ្វើការនៅក្រៅប្រទេសទាំងនោះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា​ជនរងគ្រោះ ប៉ោយប៉ែត នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្តម បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ ឬបន្តពន្យារ Passport គាត់ទៀតទេ អញ្ចឹងគាត់គ្រាន់តែទៅស្ថានទូតខ្មែរប្រចាំប្រទេសនីមួយៗ ហើយក៏អាចស្នើសុំធ្វើ Passport ថ្មី និងការដាក់ក្នុងការពន្យារ Passport តាមការចាំបាច់ណាមួយ»។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការអនុវត្តបើកឱ្យដំណើរការកន្លែងសម្រាប់ធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនៅក្រៅប្រទេសនៅតាមប្រទេសដែលពួកគាត់កំពុងបម្រើការ ពោលអាចជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើការជិះយន្តហោះមកកម្ពុជា៕

អត្ថបទ៖ អក្ខរា