លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទេីបបញ្ចប់តួនាទីថ្មីៗតាមរយៈ ព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣នេះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កោះហៅទៅសាកសួរពាក់ព័ន្ធបណ្ដឹងរបស់ ក្រុមហ៊ុន ឈីវទីម៉ិចគ្រុប ដែលបានប្ដឹងចោទប្រកាន់ថា យកលុយក្រុមហ៊ុន ១០ម៉ឺនដុល្លារ និង ស្រា ៤៨ ដប ។
សូមរំលឹកថាក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ប្ដឹងទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្ដរាគមន៍ បន្ទាប់ពីលោក កឹម ជាតិបានចោទប្រកាន់ថា ក្រុមហ៊ុននោះមិនស្របច្បាប់ ហើយដើម្បីអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវបង់លុយចំនួន១០ម៉ឺនដុល្លារ និងដកហូតស្រា៤៨ដប ទាំងដែលក្រុមហ៊ុននោះ ជាក្រុមហ៊ុនស្របច្បាប់។
ចំពោះបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប តាមរយៈក្រុមមេធាវី ស៉ីនហាន បានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួចរាល់ហើយ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីឲ្យលោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ និងអន្ដរាគមន៍ និងតម្រូវឲ្យលោក គឹម ជាតិ ប្រគល់លុយចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដបនោះត្រឡប់មកវិញ ហើយចាត់វិធានការតាមផ្លូវច្បាប់។
ក្រោយរងពាក្យបណ្តឹងលោក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រ បញ្ចប់មុខដំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះលោកត្រូវបានអគ្គស្នងការនគរបាលជាតិ កោះហៅមកបំភ្លឺបណ្តឹងរបស់ក្រុមហ៊ុន ជីវទីមិច គ្រុប នៅថ្ងៃទី២៨ ខែធ្នូខាងមុខនេះ៕