ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកជំទាវ Melissa A. Brown បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជាដៃគូថ្មីៗបន្ថែមទៀត ក្នុងទំនាក់ទំនងអាមេរិក-កម្ពុជា។ លោកជំទាវឧបការីរង បានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្ត្របែបសន្តនិយម ចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។
មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧបការីរង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្ម និងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
គួរឲ្យដឹងថា ពាក្យ «សន្តនិយម» ជាភាសាអង់គ្លេស Holistic approach ដែលមន្ត្រីអាមេរិកបានលើកឡើងសម្រាប់ជាវិធីសាស្ត្ររួមក្នុងទំនាក់ទំនងជាមួយកម្ពុជា មានន័យថា ផ្តល់ការគាំទ្រដែលមើលទៅមនុស្សទាំងមូល មិនត្រឹមតែតម្រូវការសុខភាពផ្លូវចិត្តរបស់ពួកគេប៉ុណ្ណោះទេ តែគួរពិចារណាផងដែរអំពីសុខុមាលភាពផ្លូវកាយ អារម្មណ៍ សង្គម និងខាងស្មារតីរបស់ពួកគេផងដែរ៕
អត្ថបទ៖ អក្ខរា