លោក ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងក្លាយជាយុវជនដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា បានបញ្ចប់ការហ្វឹកហាត់នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស (The Royal Military Academy Sandhurst) បន្ទាប់ពីបានហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺន រយៈពេល៤៤អាទិត្យ ដែលនឹងបិទវគ្គសិក្សានាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងការទទួលគោរមងារ ជានាយទាហានជាន់ខ្ពស់ (នាយចំណង់)។
តាមការចុះផ្សាយរបស់គេហទំព័រ Fresh News បានឲ្យដឹងថា លោក ណាល់ ស្ទីវិនដាប្ញទ្ធិ គឺជាកូនបង្កើតរបស់លោក ម៉ៅ ហាវាណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការបញ្ចប់ការហ្វឹកហាត់ នៅរាជបណ្ឌិតសភាយោធា សានហឺស្ត៍ នៃចក្រភពអង់គ្លេស គឺមានការក្រោមការជ្រោមជ្រែងដ៏ពេញទំហឹងពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អតីតជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងតាមរយៈឧត្តមភាពដ៏ថ្លៃថ្លារបស់លោក ម៉ៅ ហាវាណ្ណាល់។
សារព័ត៌មាន Fresh News បានដកស្រង់សម្តីលោក ណាល់ ស្ទីវិនដាប្ញទ្ធិ យ៉ាងដូច្នេះថា៖ «ក្នុងអំឡុងពេល៤៤អាទិត្យនេះ ជាវេលាដ៏លំបាកបំផុតដែលគ្រប់កម្មាភិបាលទាំងអស់ បានឆ្លងកាត់ពួកយើង ត្រូវបានលត់ដំទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងតម្រង់ នៅចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៃថ្ងៃខាងមុខ»។
ក្នុងឱកាសបិទវគ្គសិក្សាយុវជន ណាល់ ស្ទីវិនដាប្ញទ្ធិ បានបង្ហាញពីក្តីរីករាយ និងកិត្តិយសណាស់ ដែលទង់ជាតិរបស់កម្ពុជា ត្រូវបានដោតបង្ហាញដល់មហាជន នៅក្នុងរាជបណ្ឌិត្យសភាយោធា Sandhurst ជាលើកដំបូង ដែលកន្លងទៅជាង២០០ឆ្នាំមិនធ្លាប់មាន។ យុវជន ដាប្ញទ្ធិ បានសន្យាថា នឹងបម្រើជាតិកម្ពុជា ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា សាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ (The Royal Military Academy Sandhurst) គឺជាសាលាសភាយោធាមួយដ៏តឹងរឹង និងល្បីល្បាញនៃចក្រភពអង់គ្លេស ដែលបានទទួលស្គាល់ដោយមជ្ឈមណ្ឌលឈានមុខ ក្នុងការបណ្ដុះបណ្ដាលថ្នាក់ដឹកនាំ និងនាយទាហានទូទាំងសកលលោក។
សាលាបណ្ឌិតសភាយោធានេះ បានធ្វើការបណ្តុះបណ្តាយនាយទាហានជាច្រើនក្នុងពិភពលោក ដូចជា៖ លោក Sir Winston Churchill អតីតនាយករដ្ឋមន្រី្តចក្រភពអង់គ្លេស, ព្រះរាជបុត្រ Prince William ។ បើក្រឡែកមកមើលក្នុងតំបន់អាស៊ានឯណេះវិញក៏មានថ្នាក់ដឹកនាំជាច្រើនរូបបានបញ្ចប់ការសិក្សាសាលារាជបណ្ឌិតសភាយោធាសេន្តហឺស្ត៍ផងដែរ រួមមាន៖ ស្តេចព្រុយណេ ស៊ុលតង់ Hassanal Bolkiah of Brunei និងព្រះរាជបុត្រ ព្រះអង្គម្ចាស់ Abdul Mateen និង ព្រះអង្គម្ចាស់ Vajiravudh នៃប្រទេសថៃ ព្រមទាំងខ្សែររាជវង្សម៉ាឡេស៊ី។ ចំណែកឯនិស្សិតនាយទាហាន ណាល់ ស្ទីវិនដាប្ញទ្ធិ នឹងត្រូវបញ្ចប់កម្មសិក្សានាពេលខាងមុខនេះ ដែលជាកូនខ្មែរប្រសូត្រចេញពីកូនចៅឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៕