រដ្ឋមន្ត្រីក្រសួងការងារ ស្នើខេត្តមីយ៉ាហ្គីរបស់ជប៉ុនជ្រើសរើសពលករជំនាញពីកម្ពុជាបន្ថែមទៀត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Murai Yoshihiro អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើងនៅអគាររដ្ឋបាលខេត្តមីយ៉ាហ្គី ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម”។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រីករាយនឹងសហការជាមួយខេត្តមីយ៉ាហ្គីក្នុងការបណ្តុះបណ្តាលជំនាញ ដើម្បីឲ្យចំតម្រូវការឧស្សាហកម្មរបស់ខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ចើញឯកឧត្តមអភិបាលខេត្ត និងសភាពាណិជ្ជកម្មក្រុងសេនដៃ(Sendai) នៃខេត្តមីយ៉ាហ្គី​មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រៅពីជំនួបជាមួយឯកឧត្តមអភិបាលខេត្ត ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបជាមួយលោកHideki Takayama នាយកប្រតិបត្តិនិងអគ្គលេខាធិការនៃសភាពាណិជកម្មក្រុងសេនដៃ(Sendai) របស់ខេត្តមីយ៉ាហ្គី។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឲ្យសមាជិកនៃសភាពាណិជ្ជកម្មរបស់ខេត្តទទួលយកពលករជំនាញរបស់កម្ពុជានៅពេលមានតម្រូវការជ្រើសរើសពលករបរទេសបន្ថែម។ ក្នុងជំនួបដដែលឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញសមាជិកសភាពាណិជ្ជក្រុងសេនដៃមកទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាដែលជាប្រទេសមានសក្តានុពលថ្មីផងដែរ។

សូមបញ្ជាក់ថា នៅក្នុងខេត្តមីយ៉ាគីនេះ មានកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាចំនួន ១០៩នាក់ ដែលកំពុងហាត់ការងារ និងបំពេញការងារនៅទីនោះ។ ទន្ទឹមនិងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុនចំពោះការមើលថែរក្សាកម្មសិក្សាការី និងពលករជំនាញកម្ពុជាក្នុងខេត្តបានយ៉ាងល្អ៕