សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព ដោយវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងការរីកចម្រើនទាំងឡាយ ក៏នៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាពអសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងសាសនា ពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានឲ្យដឹងថា បច្ចុប្បន្ន វត្តអារាមក៏ត្រូវបានកសាងឡើងវិញជាបន្តបន្ទាប់ពាសពេញប្រទេស គ្រប់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងនោះព្រះពុទ្ធសាសនាថេរវាទ មានវត្តសរុបចំនួន ៥ ១៣៣វត្ត មហានិកាយ ៤ ៨៦៦វត្ត ធម្មយុត្តិកនិកាយ ២៦៧វត្ត សរុបព្រះសង្ឃមានចំនួន ៦ម៉ឺន ៨ពាន់ ៩៦៧អង្គ។ ដោយឡែក ពុទ្ធសាសនាមហាយាន និងសាសនាផ្សេងៗក៏កំពុងមានវត្តមាន និងធ្វើសកម្មភាពប្រកបដោយសុខដុមនីយកម្មនៅកម្ពុជាផងដែរ៕
អត្ថបទ៖ អក្ខរា