ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណី…

ក្រសួងមុខងារសាធារណៈ ណែនាំដល់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយ ក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ​។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំក៏ស្នើក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យឡើងវិញនូវប្រព័ន្ធគ្រប់គ្រងមន្ត្រី ដោយអនុលោមតាមអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងផ្តល់របាយការណ៍ស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រី មកអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.) នៅចុងខែធ្នូ ឆ្នាំ២០២៣ ដើម្បីធ្វើការបូកសរុប និងរៀបចំជាផែនការសកម្មភាពរួមសម្រាប់អនុវត្តទៅតាមទិសដៅនៃវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​ភាព និងស័ក្ដិសិទ្ធភាព។

ស្នើក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្ដល់នូវរបាយការណ៍អំពីការរៀបចំ និងការ ប្រើប្រាស់ប្រព័ន្ធលើកទឹកចិត្តមន្រ្តី ដែលមានស្រាប់និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដោយរួមមានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រភពថវិកា និងទិសដៅនៃការគាំទ្រការលើកទឹកចិត្ត។ របាយការណ៍នេះ ត្រូវផ្ញើមកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នាំ២០២៤ ដើម្បីធ្វើការបូកសរុប និងរៀបចំជាផែនការសកម្មភាពរួមសម្រាប់អនុវត្តទៅតាម ទិសដៅនៃវិធានការគន្លឹះទី៣របស់រាជរដ្ឋាភិបាល គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលកិច្ចការរៀបចំប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មក្នុងកម្រិតម៉ាក្រូ នឹងត្រូវឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤៕

អត្ថបទ៖ អក្ខរា