ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ប្តេជ្ញាយ៉ាងមោះមុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ថា ឯកឧត្ដម រួមជាមួយនឹង ឯកឧត្តមអនុប្រធាន និងឯកឧត្តមសមាជិក គ.ជ.ប ទាំងអស់ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនាពេលខាងមុខជាបន្តបន្ទាប់តាមការកំណត់នៃច្បាប់ ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។
ការប្រកាសប្តេជ្ញានេះ ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ក្នុងអាណត្តិថ្មីទី៧ របស់រដ្ឋសភា ដែលមានសមាសភាពទាំងអស់ ៩រូប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។
គ.ជ.ប បានធ្វើពិធីស្បថចូលកាន់តំណែងរួចហើយកាលពីម្សិលមិញ (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣)។ ប៉ុន្តែជាក់ស្តែង គ.ជ.ប ពិធីថ្ងៃនេះ ដើម្បីឱ្យមន្រ្តី គ.ជ.ប បានទទួលស្គាល់ថា គ.ជ.ប ថ្មី ចាប់ផ្តើមពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ ពីព្រោះថា នៅពេល គ.ជ.ប ថ្មី ចូលកាន់តំណែង គ.ជ.ប ចាស់ត្រូវអស់អាណត្តិ។
សូមជម្រាបថា សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មី ដែលមានឯកឧត្ដមប្រាជ្ញ ចន្ទ ជាប្រធានដឹកនាំបន្តទៀត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធាន ឯកឧត្តម មាន សទិ ជាសមាជិក ឯកឧត្តម ឌឹម សុវណ្ណារុំ ជាសមាជិក ឯកឧត្តម សោម សូរីដា ជាសមាជិក ឯកឧត្តម ហេង ស៊ីឡេង ជាសមាជិក ឯកឧត្តម យិច សមិទ្ធិ ជាសមាជិក ឯកឧត្តម ហ៊ែល សារ៉ាត់ ជាសមាជិក និងឯកឧត្តម ហង្ស ពុទ្ធា ជាសមាជិក៕
អត្ថបទ៖ អក្ខរា