សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុង អុីយ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជាជាមួយ ICAPP ឱ្យកាន់តែសកម្មនិងស៊ីជម្រៅបន្ថែម ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព ក៏ដូចជាការពង្រីកសកម្មភាពមនុស្សធម៌ ជូនពលរដ្ឋនៅកម្ពុជានិងនៅក្នុងតំបន់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្នុងការលើកកម្ពស់សន្តិភាព និងមនុស្សធម៌របស់ ICAPP នាពេលកន្លង ដោយសម្រេចបានបាននូវសមិទ្ធផលជាច្រើន រាប់មិនអស់ដូចជាការសម្រេចបាននូវភាពជាដៃគូជាមួយអង្គការ UNESCO ភាពជាដៃគូជាមួយគណបក្សនយោបាយនៅអាហ្វ្រិក (CAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CAPDI) និងអង្គការជាដៃគូរជាច្រើនផ្សេងទៀត។
សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ICAPP ធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយវេទិកាអន្តរសភាផ្សេងៗទៀត ដែលមានដូចជា AIPA, APPF, APF ដោយយកពលរដ្ឋជាស្នូល ពីព្រោះថានៅក្នុងកាលៈទេសៈ ដែលសកលលោកទើបងើបពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការប្រទាញប្រទុងភូមិសាស្រ្តនយោបាយ រួមផ្សំនឹងការប្រែប្រួសអាកាសធាតុ ការរាតត្បាតជំងឺនានាផងនោះ ការពង្រឹងភាពជាដៃ កិច្ចសហប្រតិបត្តិការគ្នា ឱ្យកាន់តែច្រើននិងស្និទ្ធស្នាល នឹងចូលរួមចំណែកដល់ការកសាងសេចក្តីសុខ សុវត្ថិភាព ស្ថិរភាពសង្គម ដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ជុង អុីយ៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបានចូលរួមចំណែកដល់ ICAPP តំាងពីពេលបង្កើតឡើងនៅឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានជូនពរឱ្យការទទួលធ្វើម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំ ACC លើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខរបស់កម្ពុជា ទទួលបានជោគជ័យធំធេងម្តងទៀត បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី៦ កាលពីខែធ្នូ ឆ្នាំ២០១០ ប្រកបដោយសមិទ្ធផលជាច្រើនហើយនោះ៕