ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី១៧ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីបានមាប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តម អភិសន្តិបណ្ឌិត បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិទាំងអស់ និងមន្ទីរ អង្គភាព ក្រោមឱវាទគ្រប់ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន សូមពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានម៉ត់ចត់បំផុត។ លើសពីនេះត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ពង្រឹងនូវការអនុវត្តច្បាប់, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះ, កែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវតាមគោលការណ៍កំណត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍ របស់ពលករ។
គួរជម្រាបថាក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ សមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់១,២១៣ករណី គឺស្នេីនឹង៩៧.៧% ក្នុងនោះ ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន២៥៩នាក់ ស្រី៤៨នាក់ មាន៧សញ្ជាតិ ដែលបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។ សមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន៩១នាក់ (មាន៣សញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ៣៥នាក់ (មាន៤សញ្ជាតិ)។ ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើស ចំនួន៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់ សរុប១០ករណី៕