BREAKING NEWS: កម្ពុជា រកឃើញករណីជំងឺអុតស្វាលេីបុរសអាយុ ២៨ឆ្នាំ, ជំងឺនេះអាចឆ្លងរាលដាលពីម្នាក់ទៅម្នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូនេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃេីញករណីជំងឺអុតស្វាលេីបុរសអាយុ ២៨ឆ្នាំ ដែលមានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្តើមមានរោគសញ្ញានៅប្រដាប់​ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅ ក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងរាជធានីភ្នំពេញ បាននិងកំពុងសហការ ជាមួយ អាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លង និង ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងធ្វើយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

បើតាមក្រសួងសុខាភិបាល វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។ វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា៕

អត្ថបទ៖ អក្ខរា