រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយថវិកាជាង៣០ម៉ឺនដុល្លារ ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែល មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១២ ខែធ្នូនេះ។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក។ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន៦៣៨.៩៦៧ដុល្លារសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិត រដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។

តាមរយៈជំនួយនេះ រដ្ឋាភិបាលជប៉ុន បានបង្ហាញក្តីជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្ដល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹង តាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្ដែង។

គួរបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈនិងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក៕