ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។
ក្នុងឆ្នាំសិក្សា២០២៤ នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចជា៖ ថវិកាសិក្សាដោយមិនគិតការប្រាក់ ដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ, កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ),ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ), ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន៕
អត្ថបទ៖ អក្ខរា