មេបញ្ជាការ ប្រាប់នាយទាហាន ពលទាហាន ត្រូវប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាព

លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំអង្គប្រជុំ ផ្សព្វផ្សាយអបរំចិត្តសាស្រ្ត សភាការណ៍ថ្មីៗ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោកមេបញ្ជាការ បានផ្សព្វផ្សាយការវិវឌ្ឍន៍សភាពការណ៍ថ្មីៗ យុទ្ធសាស្ត្របញ្ចកោណ និងលក្ខខណ្ឌដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលធននិវត្តន៍ស្របតាមគោលនយោបាយកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យដល់នាយទាហាន នាយទាហានរង ពលទាហាន យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែម ពិសេសកុំឲ្យចាញ់បោកមនោគមវិទ្យាសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត។

លោកមេបញ្ជាការ ក៏បានសង្កត់ធ្ងន់ទៅលើភារកិច្ចជាយោធិនត្រូវស្មោះត្រង់ការពារជាតិ សាសនា​​ ព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឲ្យបានដាច់ខាតនូវបូរណភាពដែនដី និងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ជនអគតិ ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល របស់ប្រទេសជាតិមាតុភូមិ និងប្រជាជន៕