ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សាស្រ្តាចារ្យ សិស្សជ័យលាភី ៥៩នាក់ មកពីសាកលវិទ្យាល័យចំនួន ១៣ នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យានិងធនាគាររបស់កូរ៉េ និងកម្ពុជា ដើម្បីស្វែងរកនិស្សិតមានសមត្ថភាព និងផ្ដល់ឱកាសការងារ។ ក្នុងនោះដែរ និស្សិតចំនួន ៣ក្រុម ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួន ដែលគណៈកម្មការវាយតម្លៃបានជ្រើសរើសយកក្រុមជ័យលាភីចុងក្រោយចំនួន ៣ក្រុម។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល (Digital Transformation) ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន។ ដេីម្បីចូលរូចចំណែកលេីកិច្ចការងារនេះ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលតាមរយ:ការពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា មានជាអាទិ៍៖ ១). នៅកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ក្រសួងបានបង្កើតកម្មវិធីបញ្ញវន្តឌីជីថល កម្មវិធីតិចណូវេសិន ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ជំរុញការចាប់យកឌីជីថល និងប្រកួតប្រជែងនានា ២). នៅកម្រិតវិទ្យាល័យ ក្រសួងបានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងគ្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិកនិងអុីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧ និង ៣). នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលបម្រើដល់ការងារប្រចាំថ្ងៃនិងការសិក្សារបស់និស្សិត។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) រួមសម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ដើម្បីឆ្លើយតបនឹងនិន្នាការវិវត្តន៍របស់បច្ចេកវិទ្យាទាំងក្នុងតំបន់និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការកសាងធនធានមនុស្សឆ្នើមក្នុងយុគសម័យឌីជីថលក្រសួងបានផ្តល់តាមរយៈកម្មវិធី២ គឺ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រេីន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។ ក្នុងរយៈពេលកន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕