គម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថា គម្រោង “ព្រែកជីកហ្វូណនតេជោ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តការយកចិត្តទុកដាក់ ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីប្រជុំពិភាក្សាជំរុញការអនុវត្តគម្រោងនេះ។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតីបានមានប្រសាសន៍ចាត់ទុកគម្រោង “ព្រែកជីកហ្វូណនតេជោ” ថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដែលបន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។
គួររំលឹកថា នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតបន្ថែមលើគម្រោង «ព្រែកជីកហ្វូណនតេជោ» មុនឈានដល់ការចរចាឈានទៅចុះកិច្ចព្រមព្រៀងសាងសង់ ដែលជាដំណាក់កាលចុងក្រោយ។ ការចុះហត្ថលេខានោះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុន CRBC សិក្សាលំអិតលើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបង្ហាញក្តីរំពឹងថា បើមិនមានអ្វីប្រែប្រួលទេនោះ គម្រោងខាងលើអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ ខណៈរដ្ឋាភិបាលមានគណៈកម្មការអន្តរក្រសួង កំពុងដំណើរការអនុវត្តគម្រោងនេះផងដែរ៕
អត្ថបទ៖ អក្ខរា