ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាជូនប្រជាពលរដ្ឋថាតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងមួយ។ សម្តេចកត់សម្គាល់ថា ចាប់តាំងពីការដាក់គ្រឿងចក្រឈូសឆាយដំបូងមកដល់ពេលនេះ តំបន់រុនតាឯកបានរីកចម្រើនគួរឲ្យកត់សម្គាល់ទៅហើយ ហើយទម្រាំ ២ ៣ឆ្នាំ ៥ឆ្នាំទៅមុខទៀត ហេដ្ឋារចនាសម្ព័ន្ធកន្លែងនេះបន្តរីកចម្រើនទៅជាក្រុងមួយ ដែលសំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ តំបន់១ តំបន់២ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកមានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន ៤,៥៥៤បណ្ណ។
ជាបន្តបន្ទាប់ អាជ្ញាធរពាក់ព័ន្ធបានរៀបចំឈូសឆាយ និងចាក់បំពេញដីលំនៅឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមានដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត បណ្តាញលូរំដោះទឹក បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ៕
អត្ថបទ៖ អក្ខរា