នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។
លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣ ។
ជាមួយគ្នានេះផងដែរ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធិផលការងារមួយចំនួន ជាអាទិ៍៖ ១. កម្មវិធីផ្តល់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាង; ២. ការទទួលស្វាគមន៍ និងការបើកចំហររបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និង ៣. ការបង្កើតឱ្យមានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលមានច្បាប់ដ៏សំខាន់នេះ ។
សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការី នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២ នៅកម្ពុជា នាឱកាសនេះ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងបានចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះការទទួលស្គាល់នូវសមិទ្ធិផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស ហើយ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា, ការកាត់បន្ថយភាពក្រីក្រ, លំហរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពសំខាន់ៗមួយចំនួន ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដល់គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ៕