ចោលមួយក្រុមលួចគោអ្នកភូមិទាំងថ្ងៃដេញបញ្ចូលរថយន្ត សាំងយ៉ុង តែប៉ូលិសចាប់ខ្លួនបានម្នាក់ ខណៈច្រើននាក់ទៀតរត់គេចខ្លួន

ប្រជាពលរដ្ឋ រាយការណ៍មានមុខសញ្ញាចោលមួយក្រុម លួចគោអ្នកភូមិទាំងថ្ងៃ បម្រុងដេញបញ្ចូលរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សន និល អធិការនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងធ្វេីការបង្រ្កាបចាប់ជនសង្ស័យ បានចំនួន ០១ នាក់ ឈ្មោះ ឡូញ ចាន់ថុល ហៅ ចាន់ ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរក្នុងករណីលួចសត្វគោរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងថ្ងៃ ។ វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត ០១ គ្រឿង ម៉ាក សាំយ៉ុង ពណ៌សស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាក លេខ បាត់ដំបង 2A-7546 ។ កន្ត្រៃកាត់ដែក ពណ៌ លឿង ចំនួន ០១។ កណ្តៀវ ចំនួន ០១។

ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០ នាទី នៅចំណុច ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីមុខសញ្ញាលួចសត្វគោ) ០១ ករណី ដោយក្រុមជនសង្ស័យមានបក្សពួក០៣ នាក់ បានបើករថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 ធ្វើសកម្មភាពលួចសត្វគោ ចំនួន ០៦ ក្បាល ដែលជារបស់ជនរងគ្រោះឈ្មោះ វ៉េត ចន្នី ភេទស្រី  អាយុ៣០ ឆ្នាំ មានទីលំនៅភូមិដង្គត់ ឃុំ ស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប៉ុន្តែពេលក្រុមជនសង័្សយកំពុងធ្វេីសកម្មភាពក៏ត្រូវជន រងគ្រោះដឹងទាន់ខណៈដែលសត្វគោឮសម្លេងម៉ូតូរបស់ម្ចាស់ដែលតាមស្វែងរកវា សត្វគោទាំងនោះបានបោលចេញពីការតាមប្រម៉ាញ់របស់ជនសង័្សយទាន់ ហេីយម្ចាស់គោក៏ស្រែកឆោឡោឱ្យអ្នកភូមិជួយចាប់ និងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ប៉ុន្តែក្រុម  ជនសង្ស័យបានរត់គេចខ្លួនបាត់ចំនួន ០២នាក់ នៅសល់ម្នាក់ដែលប៉ងបេីករថយន្តគេចខ្លួនតែបេីករត់មិនរួច។

បច្ចុប្បន្នការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕