អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់ The Cambodia Daily

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសបដិសេធ ជុំវិញសារព័ត៌មាន​អនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» ជាព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិច។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើមទស្សវត្សឆ្នាំ៨០។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញ​ថា ចេតនាញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ពួកគេម្តងណាឡើយ​។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្ដល់ឱ្យក្រុមរបស់ខ្លួនឯងវិញ នូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយ រហូតមកដល់បច្ចុប្បន្ន៕