ដំណាំស្វាយចន្ទីជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជានិងមានកេរ្តិ៍ឈ្មោះល្បីជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់និងសរីរាង្គតាមប្រពៃណី ប៉ុន្តែដំណាំសក្តានុពលសំខាន់មួយនេះនៅជួបប្រទះបញ្ហាប្រឈមចម្បងៗចំនួន៨។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្លែងនៅក្នុងពិធី បើកដំណើរការទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងសហភាពអឺរ៉ុប ស្តីពីខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី២៩ខែវិច្ឆិកា២០២៣ថា បច្ចុប្បន្ននេះខេត្តដែលបានដំាដុះដំណាំស្វាយចន្ទីរច្រើនជាងគេគឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងកំពង់ឆ្នំា ហើយតារយៈការវាយតម្លៃបានបង្ហាញថាប្រទេសកម្ពុជាមានលក្ខខណ្ឌដី សមស្របសម្រាប់ដំណាំស្វាយចន្ទីរមានប្រមាណ២លាន៣៨ម៉ឺនហិកតា។
លោក តូច ប៊ុនហួរ គូសបញ្ជាក់ថា« ទោះបីជាអនុវិស័យដំណាំស្វាយចន្ទីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក៏អនុវិស័យមួយនេះនៅជួបប្រទះបញ្ហាប្រឈមចំម្បងៗមួយចំនួនដូចជា៖(១) ផលិតកម្មដំណាំទទួលបានទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចនៅទាប, (២) ធនធានមនុស្សនិងថវិកាសម្រាប់បម្រើឱ្យការងារស្រាវជ្រាវនិងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗនៅមានកម្រិត (៣) កង្វះហេដ្ឋារចនាសម្ព័ន្ធគំាំទ្រផលិតកម្មនិងការកែច្នៃ (៤) ធាតុចូលកសិកម្មមានតម្លៃខ្ពស់ និងថ្លៃដើមផលិតនៅខ្ពស់ (៥ )ការយល់ដឹងអំពីការគ្រប់គ្រង និងប្រើប្រាស់ដីនិងជីវកសិកម្មមិនទាន់ទូលំទូលាយ (៦) តម្លៃកសិផលនៅលើទីផ្សារឡើងចុះ មិនទៀតទាត់ (៧) សហគមន៍កសិកម្មមិនទាន់មានសមត្ថភាពរឹងមំា (៨) ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារនៅមិនទាន់បង្កើតបានគ្រប់គ្រាន់នៅឡើយ»។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរូបនេះលើកឡើងថា ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់ពាក់ព័ន្ធនឹងវិនិយោគឯកជន ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមសម្រាប់វិស័យមួយចំនួន ក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាជាច្រើនជូនវិស័យឯកជន ដែលបានស្នើឡើងលើគ្រប់វិស័យ ហើយបញ្ហាដែលនៅសេសសល់ រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់។ក្នុងនោះវិធានការសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ៖(១) អនុវត្តប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់នៅកម្មវិធីអាទិភាពទំាង៣ ស្ថិតក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥និងទី៦ ដូចជាការដាក់ចេញនៅយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន, ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំសង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប។ (២) ជំរុញការផលិតគ្រប់ពូជនិងគុណភាពល្អ ទំាងស្រូវនិងបន្លែ ក៏ដូចជាជំរុញឱ្យមានការវិនិយោគពីវិស័យឯកជន ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតគ្រាប់ពូជ សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យបានទូលំទូលាយ, (៣) ពន្លឿនការរៀបចំច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាងកសិករ និងក្រុមហ៊ុន ប្រមូលទី និង(៤) ក្រសួង ស្ថាប័នត្រូវទទួលអនុវត្តវិធានការដែលបានទទួលការឯកភាពពីសម្តេចធិបតី លើលិខិតរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ១១០៣ស្តីពីរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំពិភាក្សាពី ស្ថានការនំាចេញអង្ករនិងស្វាយចន្ទីកម្ពុជា។
យោងតាមរបាយការណ៍រយៈពេល១០ខែរបស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថាកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៦៥ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ៨៣១លានដុល្លារអាមេរិក ថយចុះជាង១៦%បើប្រៀបធៀបទៅនិងរយៈ១០ខែដូចគ្នានិងឆ្នំា២០២២៕
សារេត