មន្ទីរបរិស្ថានខេត្តកំពង់ធំថា ពិតជាមានការកាប់ទន្ទ្រានយកដីជាច្រើនហិកតា តែមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទេ

មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្ម​ភាព​ការចុះល្បាតរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលរកឃើញទីតាំងកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។

មន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី(RFA) បានធ្វើការផ្សព្វផ្សាយព័ត៌មាន​អំពីការចុះល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ រកឃើញមានការលួចកាប់រាន ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធនៅតំបន់អូរតាលោកជាច្រើនហិកតា ស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំបាន បញ្ជាក់ថា ក្រោយពីទទួលព័ត៌មានអំពីបទល្មើសការកាប់រានទន្ទ្រានយកដីនៅតំបន់អូរតាលោក ក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ មន្ទីរបរិស្ថានខេត្តបានចាត់មន្ត្រីឧទ្យានុរក្សមួយក្រុម ដែលឈរ ជើងប្រចាំការនៅស្នាក់ការព្រះអាទិត្យ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ចុះទៅពិនិត្យដល់ទីតាំង កាប់រានតំបន់អូរតាលោក ចំណុចUTM557332-1442811 ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ដែលក្រុមបណ្តាញ សហគមន៍ព្រៃឡង់បានចុះល្បាតរកឃើញ និងធ្វើការផ្សព្វផ្សាយតាមវិទ្យុអាស៊ីសេរី(RFA) ឃើញថាពិតជាមាន ការកាប់រានទន្ទ្រានយកដី បន្តពីចំការចាស់ ទំហំប្រហែលជាង១៣ហិកតា។ ប៉ុន្តែចំណុចទីតាំងនេះ មិនស្ថិតនៅ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំទេ គឺនៅចម្ងាយពីព្រំប្រទល់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ប្រវែង៥០០ម៉ែត្រ។

មន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា រាល់សកម្មភាពបទល្មើសទាំងអស់ ដែលជាបទល្មើសធនធានធម្មជាតិ ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្ត គឺត្រូវបានចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕

អត្ថបទ៖ អក្ខរា