សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តកម្មវិធី «គោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលស្ថិតក្នុងវិធានគន្លឹះ៥របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយអាទិភាពរបស់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសវិធានគន្លឹះនៅថ្ងៃនេះ ក៏ជាការប្រកាសចុងក្រោយនៅក្នុងអាទិភាពគោលនយោបាយ៦ និងវិធានគន្លឹះ៥ ដែលរៀបចំជាគោលការណ៍ជំរុញនូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។
បើតាមសម្តេធិបតី ការដាក់ចេញកម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។
សូមជម្រាបថា ក្នុងរយៈពេលជាង ៣ខែ កន្លងទៅនេះ ពោលគឺចាប់តាំងពីថ្ងៃដាក់ចេញនូវគោលការណ៍តាំងពីថ្ងៃទី២៤ ខែសីហា ២០២៣ កន្លងទៅ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សំគាល់មួយចំនួនរួចហើយ នៅក្នុងការជំរុញការអនុវត្ដកម្មវិធីនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥។
កម្មវិធីគោលនយោបាយ៦ រួមមាន៖ ទី១. កសាងសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល។ ទី២. ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់ …។ ទី៣. ការធ្វើស្ថាប័នូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សំរាប់គ្រួសារក្រីក្រ សំរាប់ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្ដិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ ទី៤. អនុវត្ដយុទ្ធសាស្ដ្រស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ទី៥. យន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផលសំខាន់ៗក្នុងកំរិតសមរម្យ។ទី៦. ការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់យើង និងការរៀបចំឲ្យមានសហគមកសិកម្មនៅតាមទីជនបទ។
ការអនុវត្ដវិធានគន្លឹះចំនួន៥ រួមមាន៖ ទី១. ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈដែលផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមតិកម្មរបស់មន្ដ្រីនៅស្ថាប័ន។ ទី២. លើកកម្ពស់គុណភាពអប់រំដែលផ្ដោតសំខាន់លើការការពង្រឹងគុណភាពសាលារដ្ឋពីថ្នាក់មត្ដេយ្យដល់ថ្នាក់មធ្យមសិក្សា។ ទី៣. លើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពផ្ដល់សេវាសុខាភិបាលបឋមនៅមូលដ្ឋាន។ ទី៤. ពង្រឹងការអនុវត្ដគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពដោយផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយ ឈានដល់ការលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ទី៥. ពង្រឹងនិងលើកកម្ពស់ គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្ដិធម៌៕
អត្ថបទ៖ អក្ខរា