ចិន គាំទ្រការកាន់អំណាចយកអង្វែងរបស់គណបក្សប្រជាជនកម្ពុជា

ប្រទេសចិនគាំទ្រការកាន់អំណាចយកអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជា​​ជនកម្ពុជា និងសម្ដេចអធិបតី ជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម He Weidong បាននាំនូវការសួរសុខទុក្ខរបស់ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុនីសចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ហើយឯកឧត្តមបានបញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯក របស់ប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងរយៈពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសចិននិងកម្ពុជា កន្លងមកនេះប្រទេសយើងទាំងពីរ បានជម្រុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះភាគីមិត្តចិន ដែលបាននាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តមអគ្គលេខាធិការ ស៊ី ជិនពីង ជូនចំពោះសម្ដេច។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់បន្ថែមថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។ សម្ដេចតេជោបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឲ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។

សម្ដេចតេជោបានបញ្ជាក់ដែរថា កម្ពុជានិងចិន ត្រូវតែបន្តពង្រឹងនិងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់៕