ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់ អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងកិច្ចសំដែងការគួរសមនោះ លោក ហ៊ុន សារឿន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវរឹតចំណងសាមគ្គីគ្នា រួមគ្នារក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើង ឲ្យបានល្អប្រសើរបើទោះបីជាយើងរស់នៅទីណាក៍ដោយ និងជំរុញផ្សព្វផ្សាយ ទេសចរណ៍របស់កម្ពុជាទៅកាន់ជនជាតិបរទេស ឲ្យបានទូលំទូលាយបន្ថែមទៀត។
លោកបានបន្តទៀតថា សូមកោតសរសើរចំពោះក្រុមការងារសប្បុរសធម៌ស្ម័គ្រ ប្រចាំប្រទេសយ៉ាងខ្លាំងដែលកន្លងមកបានធ្វើសកម្មភាពចូលរួមជួយសម្រួលទុក្ខលំបាក ដល់បងប្អូនខ្មែរយើងដែលកំពុងរស់នៅធ្វើការក្នុងប្រទេសថៃ ដូចជាស្ត្រីមានផ្ទៃពោះ សម្រាលកូន ឈឺថ្កាត់ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតជាដើម។
ចំណែកអ្នកឧកញ៉ា ឡេង ប្រុស បានស្នើសុំឲ្យខាងស្ថានទូត អនុគ្រោះជួយសម្រួលរាល់ឯកសារផ្សេងៗ ដែលខាងក្រុមការងារមានតម្រូវការចាំបាច់ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ ក្នុងប្រទេសថៃ ឲ្យទាន់ពេលវេលា។
លោកបានឆ្លើយតបថា លោករីករាយនឹងជួយសម្រួលរាល់ឯកសារផ្សេងៗ ដល់ក្រុមការងារឲ្យឆាប់រហ័សបំផុត ដែលអាចធ្វើទៅបាន។
អ្នកឧកញ៉ា ឡេង ប្រុស បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដែលបានអនុញ្ញាតឲ្យក្រុមការងារ ចូលជួបសំដែងការគួរសមនេះ ជាភាពកក់ក្ដៅ និងកម្លាំងចិត្តដែលជំរុញ ឲ្យក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តប្រចាំប្រទេសថៃ បន្តខិតខំធ្វើការងាររបស់ខ្លួន កាន់តែល្អប្រសើរជាងមុន៕