ក្រសួងព័ត៌មាន កំណត់យកថ្ងៃ ៣ធ្នូ សម្រាប់រំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ

ក្រសួងព័ត៌មាន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលរួមមាន៖ ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលមានឈ្មោះដើមថា៖ សារព័ត៌មានកម្ពុជា ហៅកាត់ថា SPK, ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃវិទ្យុជាតិកម្ពុជា (RNK) ដែលមាន ឈ្មោះដើមថា៖ វិទ្យុសំឡេងប្រជាជនកម្ពុជា ១៩៨៣-២០២៣៖ រយៈពេល ៤០ឆ្នាំ នៃការបង្កើតឡើងនៃទូរទស្សន៍ជាតិកម្ពុជា(TVK)។

ពិធីជួបជុំសំណេះសំណាលនិងពិសារអាហារសាមគ្គី ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ និងវិទ្យុជាតិ កម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរ ជាតិជ្រោយចង្វារ (CCIC) រាជធានីភ្នំពេញ។

ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត និងសមត្ថភាព ដើម្បីបម្រើឲ្យវិស័យព័ត៌មានកម្ពុជា ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមរដ្ឋមន្តី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមឧទ្ទិសស្មារតីថ្ងៃ ៣ ធ្នូ ឲ្យនៅស្ថិតស្ថេរក្នុងចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ហើយសូមឲ្យចងចាំជានិច្ចនូវគុណូបការៈរបស់ឥស្សរជនទាំងអស់ក្នុងការបូជា លះបង់ ទាំងកំលាំងកាយចិត្ត និងខ្លះបានពលីជីវិតដើម្បីបុព្វហេតុការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចាប់តាំងពីថ្ងៃនៃការដំណើរការឡើងវិញ រហូតមកទល់បច្ចុប្បន្ននេះ ហើយបានបន្សល់ទុកនូវកេរ្តិ៍ដំណែលសម្រាប់អ្នកជំនាន់ ក្រោយ»។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា៖«ខ្ញុំសូមប្ដេជ្ញាចិត្តការពារនូវរាល់ស្នាដៃ និង សមិទ្ធផលទាំងឡាយ ដែលឥស្សរជនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានកសាងឡើងឲ្យនៅស្ថិតស្ថេរគង់វង្ស ព្រមទាំងប្តេជ្ញាកសាងនិងបង្កើនសមិទ្ធផលថ្មីៗទៀត ដើម្បីបង្ហាញ និងបន្សល់ទុកឲ្យអ្នកជំនាន់ថ្មីៗខាងមុខ បន្តទៀត។

ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន កំណត់យកថ្ងៃ ៣ ធ្នូនេះសម្រាប់ការរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយប្រារព្ធជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះតទៅ។
ថ្ងៃទី៣ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃប្រជាជនកម្ពុជាបានអបអរសាទរចំពោះសិទ្ធិសេរីភាពក្នុងការទទួលបាន នូវព័ត៌មានឡើងវិញ ដោយសារតែសារព័ត៌មានកម្ពុជា ឬ SPK ត្រូវបានបង្កើតឡើងវិញ ពោលគឺមួយថ្ងៃ ក្រោយការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ថ្ងៃទី៣ ធ្នូ ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូបចងចាំមិនអាចបំភ្លេចបានឡើយ ព្រោះវាជាលើកដំបូងសម្រាប់ការចាប់ផ្តើមនៃការផ្សាយឡើងវិញនូវ ព័ត៌មាននិងរូបថតជាផ្លូវការ ជាពិសេសការផ្សាយស្ដីពីព្រឹត្តិការណ៍នៃចលនារំដោះជាតិ២ធ្នូដ៏សំខាន់សម្រាប់ជាតិកម្ពុជាទាំងមូល ក្រោយពេលដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមនៃរបបខ្មែរក្រហម។

ឯកឧត្តមបានបន្ថែមថា មកទល់ពេលបច្ចុប្បន្ននេះ គឺមានរយៈកាលជាងបួនទសវត្សហើយ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋដ៏សំខាន់ៗ ទាំងនេះបាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្ត ជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក៕

អត្ថបទ៖ អក្ខរា