ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥
សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម «មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ព្រះមហាក្សត្រ ផ្ដាំផ្ញើដល់ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំ ប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ។
ក្នុងន័យនេះ ព្រះករុណា ព្រះមហាក្សត្រ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្ដៅ ស្រឡាញ់រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការរើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិពេញលេញ៕
អត្ថបទ៖ អក្ខរា