សហអាមេរិកផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ ជួយបន្តការអភិរក្ស​ប្រាសាទភ្នំបាខែង ក្នុងតំបន់ឧទ្យានអង្គរ

សហរដ្ឋអាមេរិក ​បានប្រកាសផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ ដល់អង្គការមូលនិធិប្រាសាទពិភពលោក ដើម្បីបន្តការអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សរ៍ទី ១០ ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប។

ពិធីចុះ​ហត្ថ​លេខាផ្តល់ជំនួយជាថវិកា ៤៥ ម៉ឺនដុល្លារអាម៉េរិក ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់​ការ​អភិរក្សវប្បធម៌(AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការថែរក្សាអភិរក្សប្រាសាទ​ភ្នំ​បាខែងនៃសតវត្សរ៍ទី ១០ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក W. Patrick Murphy​ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សេចក្ដីប្រកាស​ព័ត៌​មាន​​​របស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ ២០០៤ មកកម្មវិធី AFCP បានផ្តល់ជំនួយថវិកាចំនួន ៨ដងមកអង្គការ​មូលនិធិ​ប្រាសាទពិភពលោក WMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុប ៤ លានដុល្លារអាម៉េរិក ។

លោក ឯកអគ្គរដ្ឋទូតអាម៉េរិក W. Patrick Murphy បានថ្លែងថា៖ «យើងមានសេចក្តីរំភើបរីករាយ​ក្នុងការប្រកាសនូវជំនួយជាថវិកានេះដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP ផ្តល់ជូនតំបន់​អាស៊ី​ប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ សហរដ្ឋអាមេរិក មានមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរ​អង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា។ ប្រាសាទភ្នំបាខែង ជាគោលដៅ​ដ៏ធំជាងគេ​បង្អស់​មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»

ក្នុងសេចក្ដីប្រកាសដដែល បានឱ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ សហរដ្ឋអាមេរិក​ បានជួយ​ឧបត្ថម្ភ​គាំទ្រ​នូវគម្រោងនានាជាច្រើននៃប្រាសាទនេះ ដោយរួមមានការជួសជុលគ្រឹះប្រាសាទ ការអភិរក្សថ្ម​ប្រាសាទ ការតបណ្តាញការពារជម្រាបទឹក និងការផ្គុំឡើងវិញនូវជញ្ជាំងនិងទីលាននៃប្រាសាទនេះ ។ ការផ្តល់នូវថវិកាជាបន្តបន្ទាប់នេះ ក៏បានជួយដល់អង្គការ WMF ផ្តល់ការងារដល់ប្រជាជន​ក្នុងមូល​ដ្ឋានដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការងារអភិរក្សប្រាសាទនេះ ។

គួរបញ្ជាក់ដែរថា មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌​ ត្រូវបានបង្កើតឡើងដើម្បី​ជួយ​ដល់​អភិរក្សនូវតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗ ជុំវិញពិភពលោក។ ក្រោមគម្រោងជំនួយនេះ ក្រសួង​ការបរទេសសហរដ្ឋអាមេរិក បាន​ផ្តល់ថវិកា ៦ លានដុល្លារអាម៉េរិក តាំងពីឆ្នាំ ២០០១ មក ដើម្បី​ជួយ​អភិរក្សបេតិកភណ្ឌវប្បធម៌សំខាន់ៗផ្សេងទៀត ដោយរួមទាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌ​ពិភព​​លោក​​របស់​អង្គការយូណេស្កូ ក្នុងចំណោមតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា៕ 

អត្ថបទ៖ រង្សី