លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។
លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមក អាមេរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឱ្យវិលត្រឡប់មកមាតុភូមិវិញផង។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងជាពិសេស មិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមកផងដែរ។
ចំណែក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy មានប្រសាសន៍ថា មូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង ដែលបានចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកបដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា ដែលបានជួយជ្រោមជ្រែងដល់កិច្ចសហប្រតិបត្តិការ ជំរុញឱ្យគម្រោងនេះ ដំណើរការមានប្រសិទ្ធិភាពខ្ពស់ ហើយមានលទ្ធផលជាផ្លែផ្កាគួរឱ្យជាទីមោទន។ ការជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាមេរិក ក៏ដូចជាប្រជាជនអាមេរិកមកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ប្រាសាទភ្នំបាខែងកសាងឡើងតាំងពីឆ្នាំ៩០៧នៃគ្រីស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំងឱ្យឡើងទៅទស្សនាទេសភាពពេលថ្ងៃរៀបលិចព្រមទាំងជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់៕