ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមការចុះស្វែងយល់ និងទទួលសំណើសំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
ទន្ទឹមគ្នានេះដែរ សម្តេចធិបតីណែនាំដល់ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោបាយអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
សូមជម្រាបថា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មានក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្តមានចំនួន ២០,៤០៩រូប និងក្រុមការងាររាជធានី ខេត្ត ចុះក្រុង ស្រុក ឃុំសង្កាត់ មានចំនួន១៩,៩១៣រូប សរុបក្រុមការរាជរដ្ឋាភិបាល ចុះមូលដ្ឋានមានចំនួន ៤០៣២២រូប។
ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ ដើម្បីត្រួតពិនិត្យគាំទ្រនូវការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាប្រឈម ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
អត្ថបទ៖ អក្ខរា