ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀននឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖ (១) កត្តាសាលារៀន (២) កត្តាគ្រូបង្រៀន (៣) កត្តាសិស្ស និង(៤) កត្តាគ្រួសារ៕
អត្ថបទ៖ អក្ខរា