ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សា ដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាត។
គោលបំណងកិច្ចប្រជុំ គឺដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាតឱ្យសមស្របទៅនឹងស្ថានភាពសង្គមជាក់ស្តែង និងពន្លឿនការរៀបចំបង្កើតក្រុមការងារដោយបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ស្របទៅតាមជំនាញ បទពិសោធន៍ និងបញ្ចូលសមាសភាពមកពីគ្រប់នាយកដ្ឋានចំណុះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជាពិសេសសិក្ខាកាមដែលធ្លាប់បានចូលរួមសិក្ខាសាលាកន្លងមកពាក់ព័ន្ធនឹងការកំណត់តម្លៃសេវា។
ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព និងសោភ័ណភាពជាងមុន៕
អត្ថបទ៖ អក្ខរា