សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។
សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះ ទាំង៤ ខាងលើទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌។
នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរក ការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀននឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖ (១) កត្តាសាលារៀន (២) កត្តាគ្រូបង្រៀន (៣) កត្តាសិស្ស និង(៤) កត្តាគ្រួសារ។
ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត “ស្តង់ដា សាលារៀនគំរូ” និង “ពានរង្វាន់ សាលាគំរូ សម្តេចមហាបវវធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ៕