ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។
ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលកម្ពុជា គ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ផែនការ ១០ឆ្នាំនេះ ឯកឧត្តម ស សុខា មើលឃើញថា ហាក់មានការលំបាកក្នុងការសម្រេចគោលដៅ ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែចំនួនច្រើនគួរឲ្យព្រួយបារម្ភ។
ឯកឧត្តមបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ ថ្វីត្បិតមានការថយចុះអ្នកស្លាប់ប្រមាណជាង ២៤៥នាក់ បើធៀបនឹងឆ្នាំ២០២២ តែអ្នកស្លាប់ក្នុង១ខែខ្ទង់១០០ ទៅ១១០នាក់ឯណោះ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា គោលដៅនេះអាចសម្រេចទៅបាន ប្រសិនបើអ្នកពាក់ព័ន្ធទាំងអស់មានឆន្ទៈក្នុងការអនុវត្តរួមគ្នា។
ក្នុងរយៈពេលប្រមាណ១០ឆ្នាំនៃការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១- ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកធៀបនឹងចំនួនប្រជាជន ១០០. ០០០នាក់ ពី១៣,១នាក់ នៅឆ្នាំ២០១១ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២០ និង ១០,១នាក់ នៅឆ្នាំ២០២២។ ក្នុងនោះ កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កត្តាមនុស្សចំនួន ៩៦,៨% កត្តាយានយន្តចំនួន ២,៨% និងកត្តាផ្លូវចំនួន ០,៦%។
ក្នុងឆ្នាំ២០២០ ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កម្ពុជាត្រូវបានប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ប្រមាណ ៣៧៩,២លានដុល្លារអាមេរិក៕
អត្ថបទ៖ អក្ខរា