ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកានេះ។
NEA បានឲ្យដឹងថា ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារទំនើប ម៉ាក្រូ, ធនាគារស្ថាបនា, ធនាគារឯកទេស AEON, Sokimex និងពន្លឺអលង្កការ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គួរបញ្ជាក់ថា NEA នៅតែបន្តបេសសកម្មរក្នុងការផ្តល់សេវាការងារ ការប្រឹក្សាយោបល់អំពីអាជីព និងព័ត៌មានទីផ្សារការងារជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ តាមរយៈការរៀបចំវេទិកាការងារប្រចាំខែ, មជ្ឈមណ្ឌលការងារចល័ត ដែលអាចឲ្យយុវជន និងអ្នកស្វែងរកការងារធ្វើអាចចុះឈ្មោះស្វែងរកការងារ, ការប្រឹក្សាយោបល់អំពីអាជីព និងការងារ, ការផ្តល់ព័ត៌មានអប់រំ បណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការ ។ល។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
អត្ថបទ៖ អក្ខរា