កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA ដែលរៀបចំឡើងដោយរដ្ឋសភានៃសាធារណរដ្ឋតួកគី បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលល្អប្រសើរ។ កិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើកសេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA ព្រមទាំងបានអនុម័តរបៀបវារៈផ្សេងៗមួយចំនួនទៀត ដើម្បីដាក់ជូនមហាសន្និបាត APA លើកទី១៤ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសអាស៊ែបៃហ្សង់។
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមពិភាក្សា និងផ្តល់យោបល់ និងគាំទ្រទៅលើសេចក្តីព្រាងសេចក្តីសម្រេច ដែលអង្គប្រជុំបានពិភាក្សា និងអនុម័ត។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក៏បានដឹកនាំជំនួបទ្វេភាគីដោយឡែកៗពីគ្នាជាមួយ ឯកឧត្តម Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី និងឯកឧត្តមបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការ APA ផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ូហាំម៉ាត់ រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការនៃសភាអាស៊ី (APA) កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA។
ឯកឧត្តមអគ្គលេខាធិការ APA បានកោតសរសើរចំពោះសភាកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត ព្រមទាំងមានភាពសកម្មយ៉ាងខ្លាំង នៅក្នុងវេទិកាអន្តរសភានានា ជាពិសេសនៅក្នុងក្របខ័ណ្ឌ APA នេះតែម្តង។ ក្នុងន័យនេះ ឯកឧត្តម បានសំណូមពរដល់សភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌ ក្នុងឆ្នាំ២០២៥ខាងមុខ ដោយកម្ពុជាជាប្រទេសមានភាពសម្បូរបែបផ្នែកវប្បធម៌ ។ ឯកឧត្តម ក៏សង្ឃឹមថា ឯកឧត្តមអនុប្រធានទី២រដ្ឋសភា នឹងអញ្ជើញចូលរួមមហាសន្និបាតAPA លើកទី១៤ ដែលនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វង សូត បានកោតសរសើរ ឯកឧត្តម ម៉ូហាំម៉ាត់ រ៉េហ្សា ម៉ាជីឌី អគ្គលេខាធិការ APA ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យនិងការងារផ្សេងៗរបស់ APA។ ឯកឧត្តម ក៏បានអរគុណចំពោះអគ្គលេខាធិការ APA ដែលកន្លងមកបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ទៅកាន់កម្ពុជា ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នៅកម្ពុជា។
ចំពោះសំណូមពរ ដែលឱ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា សន្យានឹងនាំយកសំណើនេះ គោរពជូនសម្តេចមហារដ្ឋសភាធិបតី ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់៕