បុណ្យអុំទូក ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ២២នាក់ និងរបួស ៦៩នាក់

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ​៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា មានអ្នកស្លាប់​ចំនួន ២២​នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទិន្នន័យបង្ហាញថា ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានគ្រោះថ្នាក់​ចរា​ចរណ៍កើតឡើងចំនួន​ ០៨​លើក​បណ្តាលឲ្យមនុស្សស្លាប់​០៥​នាក់ ​និងរបួសធ្ងន់ស្រាល​០៩​នាក់។ នៅថ្ងៃទីពីរ​គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ ចំណែកនៅថ្ងៃទីបី គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ១៨លើក បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ និងរបួសធ្ងន់ស្រាល ៤២នាក់។

របាយការណ៍ដដែលបញ្ជាក់ថា​ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបទាំង ២២នាក់ និងរងរបួសធ្ងន់ស្រាល ៦៩នាក់ ក្នុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃនេះ ភាគច្រើនបណ្តាលមកពី​ល្មើសល្បឿន។ ក្រៅពីនេះ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ផ្សេងទៀតដូចជា មិនគោរពសិទ្ធិ​ប្រជែងគ្រោះថ្នាក់​បត់គ្រោះថ្នាក់ កត្តាយានយន្ត​ស្រវឹង​មិនប្រកាន់ស្តាំ និងងងុយ៕

អត្ថបទ៖ អក្ខរា