រកឃើញថ្មីទៀតហើយ! ផ្តាសាយបក្សីឆ្លងលើក្មេងស្រីអាយុ ៤ឆ្នាំ នៅស្រុកដងទង់ ខេត្តកំពត

ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ប្រកាសថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។

ករណីក្មេងស្រីខាងលើនេះ មានផ្ទះនៅក្បែរករណីស្ត្រីអាយុ ២១ឆ្នាំ ដែលបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានរកឃើញតាមរយៈការស្វែងរកសកម្ម នៅ ភូមិកើតហេតុ ដោយក្រុមឆ្លើយ​តបបន្ទាន់ចម្រុះពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប៉ូលីស។

តាមការសាកសួរ បង្ហាញថា នាងបានកាន់មាន់ងាប់ និងចាប់ផ្ដើមឈឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ មានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ក្អក និងចេញកន្ទួលក្រហម កុមារទទួលការព្យាបាលដោយផ្ដល់ឱ សថតាមីស្លូ(Tamiflu)និងត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនិងថែទាំបន្តនៅមន្ទីរពេទ្យខេត្តកំពតនៅថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ប៉ូលីស និងអង្គការដៃគូខាងលើ បន្តអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ត សាយបក្សីប្រភេទទាំង២ដែលបានកើតឡើង និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំង​លើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បី ទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុង​សហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ៕